គន្លឹះនៃការងារ

វិធីសាស្រ្ត និងគំនិតល្អៗ

ប្រវត្តិអ្នកជោគជ័យ

គំនិត និងចំណេះដឹង

អត្ថបទគួរយល់ដឹង

» » វិធីសាស្ត្រ​ ២​ដ៏​មាន​ប្រសិទ្ធភាព​ សម្រាប់​ការ​ចងចាំ​របស់​អ្នក​ក្នុង​ពេល​ប្រឡង

ប្រភព៖ Postkhmer

អ្នក​មាន​បញ្ហា​ក្នុង​ការ​ចងចាំ​ទេ? ភ្លេច​កាលបរិច្ឆេទ​ថ្ងៃ​កំណត់​បង់​ថ្លៃ​ទឹក ភ្លើង ឬ​ភ្លេច​សោ​ផ្ទះ? មាន​បញ្ហា​ជាមួយ​នឹង​ការ​ចងចាំ​លេខ​ទូរស័ព្ទ ភ្លេច​ឈ្មោះ​មិត្តភក្ដិ​ដែល​អ្នក​ទើប​តែ​ត្រូវ​មាន​គេ​ណែនាំ​ថ្មី?
ទាំងនេះ​មិនមែន​មាន​ន័យ​ថា ខួរក្បាល​របស់​អ្នក​ខ្សោយ​ជាង​គេ​នោះ​ទេ។ តាមពិត ខួរក្បាល​មនុស្ស​មាន​ភាព​អស្ចារ្យ​ខ្លាំង​ណាស់។ មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​មាន​សមត្ថភាព​ចងចាំ​បាន​ល្អ​ដូចៗ​គ្នា។ អ្វី​ដែល​សំខាន់​នោះ​គឺ​ការ​ដឹង​ពី​អាថ៌កំបាំង​នៃ​ការ​បញ្ចូល​ព័ត៌មាន​ក្នុង​អង្គ​ចងចាំ​របស់​អ្នក និង​វិធីសាស្ត្រ​ដើម្បី​រំឭក​វា​ឡើង​វិញ។ ការ​ចងចាំ​មិន​ទាក់ទង​នឹង​កត្ដា​តំណរពូជ (ហ្សែន) ឬ​ដូច​ពាក្យ​គេ​ថា ទាល់តែ​មនុស្ស​ដែល​មាន​ខួរ​ក្បាល​ល្អ​ទើប​ចងចាំ​បាន​ល្អ​ទាំងអស់​នោះ​ទេ។ នរណា​ក៏​អាច​ចងចាំ​បាន​ល្អ​ដែរ​ឲ្យ​តែ​ព្យាយាម​តាំង​ចិត្ត​ហ្វឹកហាត់​វិធីសាស្ត្រ​ងាយៗ​នៃ​ការ​ចងចាំ ទាំងនេះ។

យើង​សូម​ណែនាំ​វិធីសាស្រ្ត​ពីរ​ដែល​មាន​ប្រសិទ្ធភាព​ដើម្បី​ពង្រឹង​ការ​ចងចាំ​របស់​អ្នក៖
១. បង្កើន​ការ​ចងចាំ​របស់​អ្នក​តាមរយៈ​ទិចនិក​ទីតាំង​នៃ​ការ​ចងចាំ ឬ Method of Loci
វិធីសាស្រ្ត ទីតាំង​នៃ​ការ​ចងចាំ loci «Method of loci» ឬ Mind Palace (Loci គឺ​មកពី​ភាសា​ឡាតាំង ដែល​មាន​ន័យ​ថា ទីតាំង ឬ​ទីកន្លែង)​គឺជា​វិធីសាស្ត្រ​នៃ​ការ​បំប្លែង​ព័ត៌មាន​ឲ្យ​ទៅ​ជា​ទម្រង់​ផ្សេង​មួយ​ទៀត​ដែល​ខួរក្បាល​យើង​ងាយស្រួល​ចងចាំ និង​អាច​ដិត​ជាប់​នៅក្នុង​ខួរក្បាល​បាន​ក្នុង​រយៈពេល​យូរ។ ជាទូទៅ​គេ​ត្រូវ​បំប្លែង​ព័ត៌មាន​ដែល​ត្រូវ​ចងចាំ​ឲ្យ​ទៅ​ជា​រូបភាព​ជាក់ស្តែង​ណា​មួយ​ក្នុង​ទីកន្លែង​ណា​មួយ​ដែល​គេ​ស្គាល់​ច្បាស់ (ដូចជា​បន្ទប់​គេង ក្នុង​ផ្ទះ ក្នុង​សាលា​របស់​អ្នក​ជាដើម)។

អ្នក​ជើងឯក​នៃ​ការ​ចងចាំ​ជាច្រើន បាន​និយាយ​ថា ពួកគេ​ប្រើ​វិធីសាស្ត្រ​នេះ​ដើម្បី​រំឭក​ពី​តួលេខ និង​ពី​បញ្ជី តារាង​ពាក្យ​ជាដើម។ គេ​អាច​ចងចាំ​លេខ​ច្រើន​ខ្ទង់ ចាំ​នូវ​សន្លឹក​បៀ​ទាំងអស់​ក្នុង​មួយ​ហ៊ូ។ ជាង​នេះ​ទៅ​ទៀត វិធី​នេះ​ត្រូវ​បាន​ប្រើ​សម្រាប់​សិស្ស​ប្រឡង ភ្នាក់ងារ​អ្នក​លក់​ក្នុង​ការ​ធ្វើ​បទបង្ហាញ​ឲ្យ​ចងចាំ​ចំណុច​សំខាន់ៗ​នៅក្នុង​សៀវភៅ​ដែល​យើង​អាន និង​សម្រាប់​ការ​ចងចាំ​ជាច្រើន​ទៀត។ សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​ប្រើ​ទិចនិក​នេះ​ប្រហែល​ជា​មិន​ជឿ​ពី​ប្រសិទ្ធភាព​ដ៏អស្ចារ្យ​របស់​វា​ឡើយ។ អ្វី​ដែល​ល្អ​នោះ ទិចនិក​នេះ​គឺ​ងាយស្រួល​រៀន​ខ្លាំង​ណាស់។

សិស្ស​មួយ​ចំនួន​ប្រើ​ទិចនិក​នេះ​ក្នុង​ការ​សិក្សា​ដោយ​ប្រើ​ក្រដាស​ពណ៌​តូចៗ​ជាច្រើន​ដែល​មាន​ការ​កត់ត្រា​ពាក្យ​គន្លឹះ​បិទ​ជាប់​នឹង​ជញ្ជាំង​បន្ទប់​របស់​គេ។ ពេល​ទៅ​ប្រឡង គេ​នឹង​ព្យាយាម​នឹក​ឃើញ​នូវ​ចំណុច​ទាំងឡាយ​ដែល​បាន​បិទ​ជាប់​នឹង​ជញ្ជាំង​នោះ។ មាន​ន័យ​ថា គេ​ប្រើ​ទីកន្លែង​ពិតប្រាកដ​មួយ​ដើម្បី​បង្កើត​ទីតាំង​ចងចាំ​(Mind Palace)។

ទិចនិក​នៃ​ការ​ចងចាំ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ជាង​២០០០​ឆ្នាំ​មកហើយ ដែល​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​សម័យ​ក្រិក និង​រ៉ូម ដើម្បី​ធ្វើការ​ចងចាំ និង​ដើម្បី​ឡើង​ថ្លែង​សុន្ទរកថា​ដែល​អាច​នឹង​មាន​រយៈពេល​ដល់​ទៅ​៤​ម៉ោង ពីព្រោះ​សម័យ​នោះ​កាល​ណា​អ្នក​ធ្វើ​សុន្ទរកថា គឺ​ត្រូវ​ធ្វើ​ដោយ​មិន​ចាំបាច់​មើល​កំណត់ត្រា​ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ការ​និយាយ​របស់​គេ ហើយ​ពេល​នោះ​ពុំ​សូវ​មាន​ក្រដាស​សម្រាប់​សរសេរ​ផង។

តើ​ពួកគេ​ធ្វើ​ដោយ​របៀប​ណា​ក្នុង​សម័យ​នោះ?
ក្នុង​សម័យ​បុរាណ ប្រជាជន​រ៉ូម៉ាំង​បាន​ប្រើ​ទិចនិក​នេះ​ក្នុង​ការ​ធ្វើ​សុន្ទរកថា។ ដំបូង​គេ​ត្រូវ​គិត​ដល់​ចំណុច​សំខាន់ៗ​ដែល​គេ​នឹង​ត្រូវ​និយាយ បន្ទាប់មក​គេ (តាម​ការ​គិត​ស្រមៃ​) ជំនួស​ចំណុច​សំខាន់ៗ​នៃ​សុន្ទរកថា​នោះ​ទៅ​នឹង​សម្ភារ​នីមួយៗ ដែល​មាន​នៅ​ទីតាំង​ធ្លាប់​ស្គាល់​ច្បាស់ [ឧទាហរណ៍ នៅក្នុង​ផ្ទះ ពីព្រោះ​អ្នក​អាច​គិត​ស្រមៃ​ឃើញ​វត្ថុ​មួយ​ចំនួន​ក្នុង​ផ្ទះ​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល​]។

 នៅពេល​ចង់​រំឭក​ពី​ចំណុច​សំខាន់ៗ​ដែល​គ្រោង​នឹង​និយាយ​គឺ​គេ​ត្រូវ​ធ្វើការ​ស្រមើស្រមៃ​នឹក​ឃើញ​ដល់​សម្ភារ​នានា​នៅ​កន្លែង​នោះ​តាម​លំដាប់លំដោយ។ វា​ហាក់​ដូចជា​គេ​កំពុង​ដើរ​ចូល​ទៅក្នុង​កន្លែង​នោះ​អ៊ីចឹង។ ឧទាហរណ៍ ពេល​គេ​គិត​ស្រមៃ​ឃើញ​ច្រក​ចូល​ផ្ទះ​របស់​គេ គេ​នឹង​ឃើញ​អ្វី? បន្ទាប់មក​គេ​ឃើញ​ទ្វារ តើ​គេ​នឹក​ឃើញ​អ្វី? គេ​ឃើញ​កាំជណ្តើរ តើ​គេ​នឹក​ឃើញ​អ្វី។ល។ វា​អាស្រ័យ​លើ​ការ​ជំនួស​ព័ត៌មាន​ទាំងនោះ​ទៅ​នឹង​វត្ថុ​ក្នុង​កន្លែង​របស់​អ្នក​ទេ។

សាកល្បង​វិធី​តាមរយៈ​ការ​បង្កើត​ជា​រឿង៖ ឧទាហរណ៍ អ្នក​កំពុង​តែ​ព្យាយាម​ចងចាំ​នូវ​បញ្ជី​មុខម្ហូប​ដែល​អ្នក​ត្រូវ​ទិញ​ពេល​ទៅ​ផ្សារ ព្រោះ​ពេល​ខ្លះ​អ្នក​អាច​ភ្លេច។ អ្នក​មាន​បញ្ជី​រាយ​មុខ​ទំនិញ​ដូចជា​ត្រី ស្ពៃក្តោប ទឹកដោះគោ ចេក កាហ្វេ ស្ករស និង​អំបិល​…។ ល។
ការ​បង្កើត​ជា​រឿង៖ ដំបូង​អ្នក​ត្រូវ​បំប្លែង​ឈ្មោះ​មុខ​ទំនិញ​ទាំងអស់​នោះ​ទៅ​ជា​សម្ភារ​ទាំងឡាយ​ដែល​មាន​ក្នុង​ទីកន្លែង​ណា​មួយ​ដែល​អ្នក​ស្គាល់​ច្បាស់ (ឧទាហរណ៍​ក្នុង​ផ្ទះ​របស់​អ្នក អ្នក​អាច​ស្រមៃ​ឃើញ​អ្វី​ខ្លះ? តុ ទ្វារ ទូរទស្សន៍ គ្រែ ផ្ទះបាយ​)។

 បន្ទាប់មក​អ្នក​អាច​បង្កើត​ជា​រឿង​មួយ​ដោយ​ការ​គិត​ស្រមៃ​ថា ពេល​អ្នក​ដើរ​ចូល​ផ្ទះ​បើក​ទ្វារ​អ្នក​ឃើញ​ត្រី​មួយ​យ៉ាង​ធំ (ការ​ប្រើ​គុណនាម​នេះ​ក៏​អាច​ជួយ​ទាក់ទាញ​ឲ្យ​ខួរក្បាល​អ្នក​ចងចាំ​បាន​ល្អ​)​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​អ្នក។ ពេល​ដែល​អ្នក​ក្រឡេក​មើល​ទៅក្នុង​ផ្ទះ អ្នក​ឃើញ​ស្ពៃក្តោប​ធំៗ​ជាច្រើន​ដុះ​នៅលើ​តុ និង​ពាសពេញ​បន្ទប់​ទទួល​ភ្ញៀវ។ ពេល​ដែល​អ្នក​រត់​ឡើង​តាម​កាំជណ្តើរ អ្នក​រអិល​ដួល​ដោយសារ​មាន​សម្បក​ចេក​ជាច្រើន​នៅ​ពាសពេញ​កាំជណ្តើរ។ បន្ទាប់មក​អ្នក​ភ័យ​ពេក អ្នក​ក៏​ពិសា​កាហ្វេ​មួយ​កែវ ប៉ុន្តែ​កាហ្វេ​នោះ​ប្រៃ​ណាស់​ដោយសារ​អ្នក​ច្រឡំ​កែវ​អំបិល​ជា​ស្ករស។ ក្រោយមក​អ្នក​បាន​ពិសា​ទឹកដោះគោះ​ដើម្បី​បន្សាប​ជាតិ​ប្រៃ​នោះ។

ធ្វើ​ដូចនេះ​អ្នក​នឹង​ចងចាំ​នូវ​ទំនិញ​ទាំងនោះ​បាន​យ៉ាង​ល្អ នៅពេល​អ្នក​ព្យាយាម​រំលឹក​វា​ឡើង​វិញ។
អ្នក​អាច​សាកល្បង​វិធី​ទាំងនេះ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដោយ​ចាប់ផ្តើម​ពី​ចំណុច​ងាយស្រួល។ សាកល្បង​រាល់​ថ្ងៃ​អ្នក​នឹង​ដឹង​ថា អ្នក​រីកចម្រើន​ប៉ុនណា​នោះ។ វិធីសាស្ត្រ​នេះ​ទាមទារ​ការ​ហ្វឹកហាត់ ប្រសិន​បើ​អ្នក​អាច​គ្រប់គ្រង​វា​បាន​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​អស្ចារ្យ។
លំហាត់​សម្រាប់​អ្នក​៖ ចូរ​ព្យាយាម​ចងចាំ​ឈ្មោះ​ប្រធានាធិបតី​១០​រូប​ចុងក្រោយ។ អ្នក​អាច​ជំនួស​ឈ្មោះ​ប្រធានាធិបតី​ទាំងនោះ​ទៅ​នឹង​វត្ថុ​ណា​មួយ​ក្នុង​ផ្ទះ​របស់​អ្នក។ ពេល​អ្នក​ឃើញ​វត្ថុ​ទាំងនោះ អ្នក​នឹង​នឹក​ឃើញ​ឈ្មោះ​ប្រធានាធិបតី​ជា​មិន​ខាន។

២. វិធីសាស្រ្ត Mind map
Mind map គឺជា​វិធីសាស្រ្ត​មួយ​ដែល​គេ​ប្រើ​ដាយ៉ាក្រាម​ដើម្បី​រៀបចំ​ព័ត៌មាន។ ទិចនិក​មួយ​នេះ​បង្កើត​ដោយ​លោក តូនី ប៊ូហ្សាន ក្នុង​ទសវត្សរ៍​ទី​៧០។ វិធី​នេះ​គឺ​មាន​ភាព​ងាយស្រួល​ទាំង​ការ​បញ្ចូល​ព័ត៌មាន​ទៅក្នុង​ការ​អង្គ​ចងចាំ​របស់​អ្នក និង​ការ​រំឭក​ព័ត៌មាន​នោះ​ឡើង​វិញ​ផង​ដែរ។
វិធីសាស្រ្ត​នេះ​ជា​រឿយៗ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដោយ​គូរ​ជា​រូបភាព​តំណាង​ឲ្យ​គំនិត​គោល​មួយ​នៅលើ​ផ្ទាំង​ក្រដាស ហើយ​គេ​ព្យាយាម​បង្កើត​គំនិត​ផ្សេងៗ​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ។ គេ​អាច​បន្ថែម​នូវ​ពាក្យគន្លឺះ​(Key words)​ផង​ដែរ។
គេ​ដាក់​គំនិត​សំខាន់​នៅ​ចំ​ចំណុច​កណ្តាល ហើយ​គំនិត​ផ្សេង​ទៀត​គឺជា​មែកធាង​របស់​វា។ គេ​អាច​គូស​ដោយ​ដៃ​លើ​ក្រដាស ការ​កត់ត្រា​នៅក្នុង​ថ្នាក់ ការ​ប្រជុំ គម្រោង ឬ​អ្នក​អាច​ដាក់​ជា​រូបថត​ជាក់ស្តែង​ក៏បាន។

វិធីសាស្រ្ត​ងាយស្រួល​៦​ដំណាក់កាល​ដើម្បី​បង្កើត Mind map
១. បង្កើត​គំនិត​គោល សំខាន់​មួយ​ដែល​អ្នក​ចង់​ដោះស្រាយ(main idea)។ ដាក់​គំនិត​នោះ​នៅ ចំ​កណ្តាល។ បន្ទាប់មក អ្នក​អាច​ដាក់​រូបភាព​តំណាង​ឲ្យ​គំនិត​នោះ ពីព្រោះ​រូបភាព​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ចំពោះ​ការ​ចងចាំ។ អ្នក​អាច​បញ្ចូល​ពាក្យ​ខ្លះៗ​ក៏​បាន។

២. បង្កើត​គំនិត​ដែល​ពាក់ព័ន្ធ ឬ​មែកធាង​នៃ​គំនិត​ស្នូល​របស់​អ្នក​ដែល​ជា​សាខា​ចេញ​ពី​គំនិត​ស្នូល។ អ្នក​គួរ​ប្រើ​បន្ទាត់​រាង​កោង​ដើម្បី​បង្កើត​ជា​ខ្នែង​ពី​គំនិត​នីមួយៗ។ បន្ទាត់​កោង​អាច​ជួយ​អ្នក​បាន​ក្នុង​ការ​ចងចាំ ពីព្រោះ​វា​មាន​រាង​ដូច​សរសៃ​ខួរក្បាល​អ៊ីចឹង។ អ្នក​អាច​បង្កើត​ជា​សាខា​គំនិត​ជាច្រើន បែក​ខ្នែង ប៉ុន្តែ​ខ្នែង​នីមួយៗ​ត្រូវ​មាន​រាង​តូច​ទៅៗ​។ ធ្វើ​ដូចនេះ​ធ្វើឲ្យ​អ្នក​មាន​គំនិត​ច្នៃប្រឌិត​កាន់តែ​ខ្ពស់។

៣. ដាក់​ពណ៌​ទៅ​តាម​ពាក្យ​គន្លឹះ​នីមួយៗ។ ពណ៌​ធ្វើឲ្យ​មាន​ការ​រំភើប​នៅក្នុង​ចិត្ត ដោយ​វា​បង្កើត​គំនិត​បង្កើត​ថ្មីៗ ស្រដៀង​គ្នា​នឹង​រូបភាព​ដែរ។

៤. បញ្ចូល​ពាក្យ (Key word) ដើម្បី​រៀបរាប់​ពី​គំនិត​ទាំងនោះ ប៉ុន្តែ​ត្រូវ​ដាក់​ពាក្យ​សំខាន់ និង​ខ្លី​ប៉ុណ្ណោះ។

៥. ដាក់​រូបភាព​ទៅ​តាម​សាខា​គំនិត​របស់​អ្នក។ រូបភាព​មាន​ការ​ទាក់ទាញ និង​សំខាន់​សម្រាប់​ការ​ចងចាំ។ ដាក់​រូបភាព​ណា​ដែល​ទាក់ទង​នឹង​គំនិត ឬ​ប្រើប្រាស់​រូបភាព​ដែល​បង្កើត​ដោយ​ខ្លួនឯង​ផ្ទាល់ រឹត​តែ​ប្រសើរ។

៦. ព្យាយាម​រក​គំនិត​ណា​ដែល​មាន​ទំនាក់ទំនង​គ្នា​ដើម្បី​រក​ដំណោះស្រាយ។ ខួរក្បាល​ដំណើរការ​ដោយ​ភាព​ទាក់ទង​គ្នា។ វា​ធ្វើឲ្យ​យើង​ចងចាំ​ងាយស្រួល។ បន្ទាប់មក​អ្នក​អាច​ដាក់​តាំង​គំនិត​របស់​អ្នក​នៅលើ​ជញ្ជាំង​ទុក​បន្ថែម​ថ្ងៃ​ក្រោយ​ទៀត ប្រសិន​បើ​អ្នក​មាន​គំនិត​ថ្មី។
ទាំងអស់​នេះ​គឺជា​វិធីសាស្ត្រ​ងាយស្រួល​ដែល​អ្នក​អាច​អនុវត្ត​បាន​គ្រប់​ពេល និង​កាលៈទេសៈ។ មាន​តែ​ការ​ហ្វឹកហាត់​ជា​ប្រចាំ​ទេ​ទើប​ធ្វើឲ្យ​ខួរក្បាល​អ្នក​មាន​សុខភាព​ល្អ។ ការ​ចងចាំ​បាន​ល្អ​ធ្វើឲ្យ​អ្នក​ជោគជ័យ​ទាំង​ក្នុង​អាជីព និង​ការងារ៕

យុវសិស្ស​កំពុង​ព្យាយាម​កត់​ចំណាំ​នូវ​មេរៀន​ដើម្បី​រំឭក​ក្នុង​ខួរក្បាល​កុំ​ឲ្យ​ភ្លេច។ Charlotte Pert

Unknown

We are.., This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

ព័ត៌មានចុងក្រោយបំផុត

Select Menu